ឯកឧត្តម ឡាយ វណ្ណៈ នឹងប្រគល់ម៉ូតូតាមការការសន្យាជូនសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ក្នុងស្រុកអង្គរបូរី


ឯកឧត្តម ឡាយ វណ្ណៈ នឹងប្រគល់ម៉ូតូតាមការការសន្យាជូនសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ក្នុងស្រុកអង្គរបូរីព្រមទាំងគ្រូបង្រៀន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧។
នៅក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុសីលវឌ្ឍនោ ខែម សុផាត ឡើងជាព្រះចៅអធិការពេញសិទ្ធនៅវត្តកោះ ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនរហូតដល់សព្វថ្ងៃនេះទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងលើកឡើងពីគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីជម្រុញការអភិវឌ្ឍបន្ថែមទៀត ជាពិសេសគឺវិស័យអប់រំ។
ឯកឧត្តមបន្តថាតាមយៈកំណែទម្រង់ស៊ីជម្រៅនេះបានជម្រុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អ ហើយដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមនឹងប្រគល់ម៉ូតូតាមការការសន្យាជូនសិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ក្នុងស្រុកអង្គរបូរីព្រមទាំងគ្រូបង្រៀន ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ និងឆ្លៀតឱកាសនោះធ្វើការណែនាំដល់ប្អូនៗឱ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ជាពិសេសដើម្បីឱ្យប្អូនដែលប្រឡងជាប់និទ្ទេស A ចែករំលែកនូវបទពិសោធន៍ក្នុងការសិក្សារបស់ខ្លួនជូនដល់ប្អូនៗជំនាន់ក្រោយ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានប្រកាសពីការផ្តល់អាហារូបករណ៍ជាច្រើនកន្លែងជូនដល់សិស្សានុសិស្សក្នុងស្រុកអង្គរបូរីទាំងអស់ដែលជាប់បាក់ឌុប និងអ្នកដែលធ្លាក់បាក់ឌុបហើយមានបំណងសិក្សាថ្នាក់បរិញ្ញាបត្ររង។ឯកឧត្តមក៏បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ត្រូវខិតខំសិក្សាឱ្យមានជំនាញពិតប្រាកដដើម្បីងាយស្រួលក្នុងការរកការងារ។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនទាំងអស់ សូមកុំចូលរួមធ្វើបាតុកម្ម ការពារទោសកំហុសបុគ្គល ដែលនោះគឺជាអំពើខុសច្បាប់ ដែលអាចនាំ ឱ្យកើតមានឡើងនូវចលាចល និងអស្ថេរភាពក្នុងសង្គមជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនជាយថាហេតុ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានចូលបច្ច័យចំនួន ២លានរៀល ប្រគេនដល់ព្រះចៅអធិការវត្តកោះដើម្បីចាត់ចែងលើការចំណាយនានានៅក្នុងវត្ត។