វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ការផ្សព្វផ្សាយពីចលនារបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបំពាក់ឯកសណ្ឋានដល់យុវជនកាកបាទក្រហមវិទ្យាល័យ ជា ស៊ីម តាកែវចំនួន ១២៨នាក់


រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ នៅអាគារសាលធនធាននៃវិទ្យាល័យ ជា ស៊ីម តាកែវ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ការផ្សព្វផ្សាយពីចលនារបស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងបំពាក់ឯកសណ្ឋានដល់យុវជនកាកបាទក្រហមវិទ្យាល័យ ជា ស៊ីម តាកែវចំនួន ១២៨នាក់ ស្រី៩២នាក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពីលោកស្រី នូ សុវណ្ណី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោក លោកស្រីដែលជាសមាជិកគណៈកម្មាធិការសាខា លោកគ្រូ អ្នកគ្រូ និងប្អូនៗយុវជនកាកបាទក្រហម។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា កាលពីសម័យមុនយុវជនបានឆ្លងកាត់ឆ្លងកាត់នូវការលំបាកគ្រប់បែបយ៉ាង ជាពិសេសគឺសង្គ្រាមដែលធ្វើឱ្យយុវជនមួយចំនួននាសម័យនោះពុំមានឱកាសចូលរៀនក៏ដូចជាចូលរួមក្នុងសកម្មភាពសង្គមនានា ។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ មកប្រទេសយើងមានសន្តិភាពពេញលេញយុវជនមានឱកាសច្រើនក្នុងការចូលរួមសកម្មភាពសង្គមក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង។ ការចូលរួមសកម្មភាពទាំងនោះគឺជាការលើកតម្លៃខ្លួនឯងជាពិសេសនឹងធ្វើឱ្យប្អូនៗមានមោទនភាពចំពោះខ្លួនឯងដែលក្នុងនាមជាយុវជនខ្មែរមួយរូបយើងបានធ្វើសកម្មភាពដើម្បីប្រទេសជាតិរបស់យើង។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរប្អូនៗ ទន្ទឹមនឹងការចូលរួមសកម្មភាពសង្គមក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ក៏ត្រូវខិតខំរៀនសូត្រដែរព្រោះថាយើងមិនត្រឹមតែធ្វើជាគំរូនៅក្នុងសង្គមទេប៉ុន្តែត្រូវធ្វើជាគំរូនៅថ្នាក់រៀនផងដែរ។
10930103_410569295781229_3746374434542002248_n 10953283_410568932447932_6497286568441776914_n 11054408_410569252447900_6852165380466226206_n 11065882_410569402447885_4261679731803089957_n 11073564_410568959114596_6212381205706793386_n