ឯកឧត្តម ឡាយ វណ្ណៈ បញ្ជារឱ្យបញ្ឈប់ជាបន្ទាន់ការយកលុយពីទូកដែលចូលមកទិញស្រូវពីប្រជាពលរដ្ឋ


ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធនានាចំណុះឱ្យរដ្ឋបាលខេត្តតាកែវកាលពីរសៀលថ្ងៃអង្គារ ០១រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃ០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ បញ្ជារឱ្យបញ្ឈប់ជាបន្ទាន់ការយកលុយពីទូកដែលចូលមកទិញស្រូវពីប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា កន្លងមកមានការយកលុយពីទូកអាជីវករដែលដើរទិញស្រូវពីប្រជាពលរដ្ឋ ដែលផ្ទុយពីគោលការណ៍របស់រដ្ឋបាលខេត្ត រហូតដល់មានមន្ត្រីខិលខូចហ៊ានយកឈ្មោះរដ្ឋបាលខេត្តទៅគៀបសង្កត់ថាយកពន្ធស្រូវទៅទៀតដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរដ្ឋបាលខេត្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថាពេលនេះមន្ត្រីរូបនោះត្រូវបានដកមកបញ្ឈរជើងនៅអង្គភាពហើយ ដូច្នេះឯកឧត្តមសូមដាក់បទបញ្ជាហាមដាច់ខាតការយកលុយពីទូកអាជីវករដែលមកទិញស្រូវពីប្រជាពលរដ្ឋ ហើយប្រសិនបើនៅតែបន្តឯកឧត្តមនិងចាត់វិធានការដោយគ្មានការយោគយល់ហើយ។
ឯកឧត្តមសង្កត់ធ្ងន់ថានេះជាមូលហេតុដែលធ្វើឱ្យឈ្មួញ និងអាជីវករធ្វើការទម្លាក់តម្លៃស្រូវរបស់បងប្អូនប្រជាពលរដ្ឋពីព្រោះដោយសារត្រូវចំណាយបន្ថែមដល់អាជ្ញាធរមួយចំនួនដូច្នេះចាប់ពីពេលនេះតទៅត្រូវតែបញ្ឈប់ ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសម្រួលឱ្យទូកគ្រប់ប្រភេទចូលមកទិញស្រូវពីប្រជាពលរដ្ឋដោយសេរី ដើម្បីឱ្យស្រូវទាំងនោះមានទីផ្សារហើយលក់បានក្នុងតម្លៃខ្ពស់។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ឯកឧត្តម និងលោកស្នងការខេត្ត បានផ្តល់លេខទូរស័ព្ទដល់អាជីវករទាំងអស់ដើម្បីធ្វើការទាក់ទងរាយការណ៍ដោយផ្ទាល់ក្នុងករណីមានការទារប្រាក់ពីទូកដែលចូលមកទិញស្រូវទៀត ដើម្បីអាចចាត់វិធានការណ៍បានទាន់ពេលវេលាជូនបងប្អូន។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ បញ្ឈប់ការជួលដីស្រែដល់វៀតណាម ហើយត្រូវផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ដីស្រែទាំងនោះឱ្យបញ្ឈប់សកម្មភាពដែលផ្ទុយពីសេចក្តីណែនាំនោះ។
IMG_1918
IMG_1919
IMG_1922
IMG_1924
IMG_1927
IMG_1928
IMG_1931
IMG_1932
IMG_1937
IMG_1939
IMG_1952