ឯកឧត្តម សុខ សូកាន និងឯកឧត្តម សុខ សូកេន ចុះជួបសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់


នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដោយគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជារ និងនីតិវិធីនៃការបោះឆ្នោត ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកគីរិវង់ បានរៀបចំពិធីជួបសំណេះសំណាល នៅការិយាល័យបក្ស ស្រុកគិរីវង់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ដអណត្ដទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
កម្មវិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធមណ្ឌលខេត្តតាកែវ និងជាប្រធានកិត្តិយសក្រុមការងារយុវជន និងឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជន សរុបចំនួនប្រមាណជាង៥៥០នាក់។
ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានសម្រេចនូវសមិទ្ធផលជាប្រវត្ដិសាស្រ្ដជាច្រើន ក្នុងការស្ដារ និងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញចាប់ពីចំណុចសូន្យឲ្យមានការវិវឌ្ឍឈានឡើងជាជំហានៗ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្ដនីមួយៗ ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ដអារាម ជាដើម ត្រូវបានកសាងឡើងឥតឈប់ឈរក្រោមការដឹកនាំរបស់រាជរដា្ឋភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោនាយករដ្ឋមន្រ្ដី ជាប្រធានគណបក្ស។ ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំក្នុងខេត្ដតាកែវទាំងមូល ជាពិសេសក្នុងស្រុកគិរីវង់ ត្រូវបានកសាងឡើងដោយអតីតប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដតាកែវរបស់គណបក្សប្រជាជនកម្ពុជាគឺ សម្ដេចវិបុលបញ្ញា សុខ អាន ដែលសម្ដេចបានលះបង់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ដ ក្នុងការកសាង និងបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើនក្នុងខេត្ដតាកែវអស់រយៈពេលជាងពីរទស្សវត្សចាប់តាំងពីឆ្នាំ១៩៩៣ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជួយសម្រួល ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទូទាំងខេត្ដតាកែវគួរឲ្យកត់សម្គាល់។ សម្ធិផលទាំងនេះសរបញ្ជាក់ឲ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានយកចិត្ដទុកដាក់ និងគិតគូរដល់ប្រជាជន ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្ត តែងតែគិតគូរដល់ កសិករ, កម្មករ-និយោជិត, អាជីវករ, គ្រូបង្រៀន, គ្រូពេទ្យ, មន្រ្ដីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈ ការផ្ដល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីក្រោមកម្មវិធីសម្បទានដីសង្គមកិច្ច, ការតម្លើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ-និយោជិត បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត, ការលើកកម្ពស់ល័ក្ខខណ្ឌការងារ និងការពារអាជីពរបស់កម្មករ-និយោជិត, ការលុបចោលការបង់ភាស៊ី និងការអនុញ្ញាតឲ្យអាជីវករដែលមានតូប រាន ស្តង់ ឬកន្លែងលក់ដូរដ៏ទៃទៀតទទួលបានសិទ្ធកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ហើយអាចផ្ទេរសិទ្ធនេះបាន, ការលុបចោលមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួន, ការបញ្ចុះតម្លៃថាមពលអគ្គីសនី និងទឹកស្អាត, ការលើកលែងពន្ធប្រថាប់ត្រាក្នុងរង្វង់សាច់ញាតិ, ការតម្លើងប្រាក់បៀវត្សជូនមន្ដ្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងការបង្កើនប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន។
ឯកឧត្ដមប្រធានក្រុមការងារយុវជន បានបន្តថា ក្នុងនាមជាសកម្មជនយុវជនរបស់បក្ស យើងទាំងអស់គ្នា ត្រូវ៖
– ស្វែងយល់ឲ្យបានច្បាស់ពីប្រវត្ដិ និងស្នាដៃរបស់បក្ស និងហ៊ានចេញមុខបកស្រាយការពារគណបក្ស
– ខិតខំរៀនសូត្រពីមាគ៌ាគោលនយោបាយរបស់បក្ស ដើម្បីក្លាយជាយុវជនឆ្នើមរបស់បក្ស និងរបស់ជាតិ ដែលនឹងក្លាយខ្លួនជាយុវជនបន្តវេន។
– ធ្វើជាយុវជនគំរូ ដែលមានទាំងសមត្ថភាព មានទាំងវិន័យ និងសាមគ្គីភាព ប្រកាន់ខ្ជាប់នូវអំពើល្អ មានភាពជិតស្និតជាមួយប្រជាជន និងរក្សាឲ្យបាននូវភាពស្អាតស្អំ។
– ប្តេជ្ញាដើម្បីការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងការពារគណបក្ស ដោយមិនអនុញ្ញាតឲ្យមជ្ឃដ្ឋានណាមកបំផ្លាញបានឡើយ។
ថ្លែងក្នុងការឱកាសនោះ ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងក្រុមការងារយុវជនទាំងអស់ ក្នុងការការចូលរួមចំណែក និងកិច្ចសហការយ៉ាងល្អកន្លងមកជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងបុព្វហេតុជាតិនិងប្រជាជន ហើយឯកឧត្តមបានរំលឹកដល់សកម្មជនយុវជនបក្សស្រុកគិរីវង់ទាំងអស់ដែលទទួលបានការចាត់តាំងភារកិច្ចសំខាន់ៗក្នុងអំឡុងពេលយុទ្ធនាការឃោសនា ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ត្រូវខិតខំបន្តចុះតាមខ្នងផ្ទះដើម្បីស្គាល់និងបញ្រ្ជាបសារនយោបាយគន្លឹះសំខាន់ៗរបស់គណបក្សដល់សមាជិកបក្សទាំងអស់ឱ្យបានជ្រួតជ្រាប និងដើម្បីធានាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងការបន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍្តឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់ សម្តេច វិបុលបញ្ញា សុខ អាន។