ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញសំណេះសំណាល និងណែនាំពីការគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ភូមិដំណាក់រាជា ឃុំប្រាំបីមុំ


ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ សាខាបក្ស ប្រធានក្រុមបក្ស ភ្នាក់ងារគណបក្ស ព្រមទាំងណែនាំពីការគូសសន្លឹកឆ្នោត និងនីតិវិធីការងារនាថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ដែលមានសមាជិក សមាជិកា ចូលរួម ១០១នាក់ នៅសាខាបក្សភូមិដំណាក់រាជា នាព្រឹកថ្ងៃសៅរ៍ ០២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

ឯកឧត្តម បានជម្រាបបងប្អូនពីសន្តិភាព និងស្ថេរភាពដែលជាមូលដ្ឋានស្នូលនៃការអភិវឌ្ឍ ហើយដោយសារតែមានសន្តិភាពពេញលេញធ្វើឱ្យប្រទេសយើងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងអត្រា ៧% ដែលជាអត្រាខ្ពស់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតទាំង១០លើពិភពលោក។

ឯកឧត្តមបន្តថា សង្គ្រាមបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសយើង ហើយមិនតែប៉ុណ្ណោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានសម្លាប់អ្នកចេះដឹងរបស់យើងស្ទើរតែទាំងអស់។ ប៉ុន្តែក្រោយរំដោះរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំកសាងប្រទេសរហូតមកដល់ពេលនេះពុំមែនជារឿងងាយស្រួលឡើយ។

ឯកឧត្តមបន្តទៀតថាពីមុនបើនិយាយពីប្រទេសកម្ពុជា ជនបរទេសភាគច្រើនពុំស្គាល់ឡើយ ឬក៏ស្គាល់ថាជាប្រទេសដែលមានសង្គ្រាម ឬប្រទេសដែលមានរបបប្រល័យពូជសាសន៍ ប៉ុន្តែពេលនេះជនបរទេសច្រើនបានស្គាល់កម្ពុជា ជាប្រទេសដែលបង្កើតកំណត់ត្រាជាច្រើនលើពិភពលោក ជាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន និងជាប្រទេសដែលអភិវឌ្ឍលឿនបំផុតមួយក្នុងពិភពលោក។ ទាំងនេះគឺកើតឡើងដោយសារយើងមានសន្តិភាពពេញលេញលើផ្ទៃប្រទេស ទើបផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសបានដឹកនាំកសាងនូវអ្វីៗដែលយើងមានដូចសព្វថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពនេះឱ្យបាន ហើយបើយើងរក្សាបាននូវសន្តិភាពនេះប្រទេសយើងនឹងអភិវឌ្ឍន៍គ្មានដែនកំណត់ឡើយ។

ក្នុងឱកាសនោះឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីវិធានការជាអទិភាពរបស់គណបក្សត្រូវជម្រុញអនុវត្តក្នុងឆ្នាំ២០១៩ ដែលត្រូវបានប្រកាសដោយសម្តេចប្រធានគណបក្សនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

ជាចុងក្រោយឯកឧត្តមក៏បានប្រាប់ដល់បងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបោះឱ្យត្រូវដើម្បីឱ្យគណបក្សជាពិសេសសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសរក្សាបាននូវសន្តិភាព និងការអផិវឌ្ឍបន្តទៀត។

បន្ទាប់ពីជួបសំណេះសំណាលរួច ឯកឧត្តម និងក្រុមការងារ ក៏បានអញ្ជើញចុះសួរសុខទុក្ខសមាជិកតាមផ្ទះក្នុងភូមិដំណាក់រាជា ព្រមទាំងបានចុះពិនិត្យស្ថានភាពតាមភូមិនានា ក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។