ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ÷ អាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ភ្លៀង គ្រប់វិនាទី


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយលោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែកក្តដា ឆ្នាំ ២០១៨នេះ បានចុះត្រួត ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានស្វាយព្រៃ ស្ពានដើមក្រលាញ់ តាមបណ្ដោយផ្លូវជាតិលេខ២ និងត្រួតពិនិត្យការកាយផ្លូវលំដើម្បីរំដោះទឹក នៅខ្នងទំនប់ទឹកដើមក្រលាញ់ ស្ថិតនៅឃុំសឹង្ហ របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដើម្បីធ្វើការរំដោះទឹកជួយសង្រ្គោះលំនៅឋាន ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ  បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទឹកស្ទឹងស្លាគូរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអាងស្តុបទឹកខ្ពបត្របែក ត្រូវបានបើកបង្ហូរចុះមកក្រោម ដើម្បីរំដោះការជនលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅខាងលើ ហើយការរំដោះទឹកចេញពីអាងស្តុបទឹកខ្ពបត្របែកនេះ បានធ្វើអោយមានការជនលិចមកដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លាគូរមួយចំនួនផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដូច្នេះក្រុមគ្រួសារដែលមានកូនតូចៗ ចាស់ជរា សត្វចិញ្ចឹម ត្រូវតែរកទីទួលសុវត្តិភាព ដែលក្រុមអាជ្ញាធរបានរៀបចំ ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ ឬបាត់បង់នូវទ្រព្យសម្បត្តិជាពិសេសត្រូវប្រុងប្រយ័ត្នអោយមែនទែនលើសត្វអាសេរពិស និងជម្ងឺឆ្លងផងដែរ ហើយក្នុងពេលនេះ ក្រុមមន្ត្រីជំនាញរបស់យើង រួមមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក បាននិងកំពុងដុតដៃដុតជើង ក្នុងការកាយទំនប់មួយចំនួន ដើម្បីរំដោះទឹកទាំងនោះចេញអោយបានឆាប់រហ័ស បញ្ចៀសការលិចលង់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះអាជ្ញាធរបានរៀបចំក្រុមការងាររួចស្រេចដើម្បីត្រៀមចាំជួយបងប្អូនរងគ្រោះដោយជំនន់ភ្លៀង គ្រប់វិនាទីក្នុងករណីទឹកជំនន់មានស្ថានភាពធ្ងន់ធ្ងរ។

លោក ណុប នី ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ស្ថានភាពជំនាន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ២នេះ គឺមានការថមថយបន្តិចហើយ ពោលគឺមិនមានការលិច ហូរកាត់ ឬក៏ទឹកប្រៀបចិញ្ចើមផ្លូវនោះទេ នៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែក្រុមមន្រ្តីជំនាញរបស់មន្ទីរសាធារណៈការ បានកាយទំនប់ទឹកមួយចំនួន ព្រមទាំងកាយកាកសំណល់មួយចំនួនដើម្បីបើកទឹកឲ្យហូរចេញពីតំបន់ជន់លិចកាន់តែល្បឿន និងដោយសារតែមេឃមិនភ្លៀងផងដែរ ប៉ុន្តែផ្លូវជាតិលេខ២នេះ យើងហាមតែរថយន្តធំៗប៉ុណ្ណោះ មិនឲ្យបើរឆ្លងកាត់ ព្រោះទឹកទើបតែស្រកបន្តិច អាចនៅជ្រាយដីនៅខាងក្នុង ដូច្នោះទើបយើងផ្អាករថយន្តធំៗបើរឆ្លងកាត់ ជាបណ្តោះអាសន្នសិន ៕