ប្រជាពលរដ្ឋចំនួន ៣៧២នាក់ នៅឃុំជីខ្មា ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


ដោយបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បងប្អូនប្រជាពលរដ្ឋចំនួន ៣៧២នាក់ នៅក្នុងឃុំជីខ្មា ស្រុកទ្រាំង បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានប្រកាសបញ្ជូលជាផ្លូវការនាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចុះជួយចង្កោម ៨ឃុំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជាឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ចំពោះបងប្អូនសមាជិកសមាជិកាគណបក្សថ្មីទាំង ៣៧២រូប និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរំដោះប្រទេសជាតិ រំដោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំការពារកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការរីកចំរើនជឿនលឿនដូចសព្វថ្ងៃនេះ។

 

ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជម្រាបជូនសមាជិកគណបក្សថ្មី អំពីជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយរដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលក៏ត្រូវបានបង្កើតប្រកបដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះដែរ។ ឯកឧត្តមបន្តថារាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងបន្តខិតខំតបស្នងទៅនឹងការបោះឆ្នោតគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបន្តធ្វើការកែទម្រង់ស៊ីជម្រៅដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ ក៏ដូចជាខិតខំទាក់ទាញវិនិយោគិនមកកម្ពុជាឱ្យកាន់តែច្រើនដើម្បីបង្កើតការងារជូនបងប្អូន លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រឱ្យនៅកម្រិតទាបបំផុត ជាពិសេសគឹខិតខំអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ដោយឡែកក្នុងនាមឯកឧត្តមជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តមនឹងបន្តខិតខំចូលរួមចំណែកអភិវឌ្ឍន៍ស្រុកទ្រាំងឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គោលការណ៍ ក៏ដូចជាអង្គការចាត់តាំងរបស់គណបក្ស ហើយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការអនុវត្តការងារដើម្បីបុព្វហេតុគណបក្ស និងសង្គមជាតិ ព្រោះថាការរួបរួមសាមគ្គីគ្នា និងការបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស្ម័គ្រនេះហើយទើបគណបក្សបានទទួលនូវការគាំទ្ររហូតទទួលនូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមកនេះ។