ក្រោយពីជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងស្រុកអង្គរបូរីរួចមក រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ប្រមាណ ៥០នាក់ ក្នុងភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី។
ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលកន្លងមកតាមឆន្ទះរបស់ខ្លួន ដែលធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវជម្រុញដល់កូនចៅរបស់ខ្លួនដែលគ្រប់អាយុបោះឆ្នោតនាឆ្នាំ២០១៨ ខាងមុខនេះត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីមានសិទ្ធក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលអភិវឌ្ឍន៍ និងដឹងសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដ។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋគ្រប់រូបហើយត្រូវចាត់វិធានការជួយឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត ជាពិសេស ប្រជាពលរដ្ឋដែលខ្វះខាត មានជម្ងឺ…។ល។
បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូននៅអង្ករចំនួន ១តោន និងថវិកា ២លានរៀលដល់វិហារឥស្លាមក្នុងភូមិស្ទឹងកំបុត ដើម្បីកសាងសាលាឆទាន និងប្រើប្រាស់នៅក្នុងវិហារ ព្រមទាំងបានសន្យាផ្តល់ផ្លូវមួយខ្សែរប្រវែង ៦០០ម ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្ទឹងកំបុតទៀតផង។