ក្នុងឱកាសដែលអមដំណើរឯកឧត្តម Ivo Barak អនុប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆេក និងប្រតិភូធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវកាលពីព្រឹកព្រហស្បតិ៍ ១១រោច ខែមិគសិរ ព.ស២៥៦១ ត្រូវថ្ងៃទី១៤ ខែធ្នូ គ.ស២០១៧ ឯកឧត្តមឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានស្នើសុំដល់សាធារណរដ្ឋឆេក បន្តផ្តល់ការគាំទ្រដល់មន្ទីរពេទ្យភ្នែកទៅលើផ្នែកកសាងសមត្ថភាព ដល់បុគ្គិលមន្ទីរពេទ្យរយៈពេល ៣ឆ្នាំបន្តទៀត។
ការស្នើសុំបែបនេះគឺធ្វើឡើងក្រោយពីបានស្តាប់នូវបទបង្ហាញពីការរីកចម្រើនរបស់តំណាងមន្ទីរពេទ្យទាំងការផ្តល់សេវាកម្ម និងសមត្ថភាពរបស់បុគ្គលិកពេទ្យក្រោមកិច្ចសហការ និងការគាំទ្រពីអង្គការ Caritas នៃសាធារណរដ្ឋឆេក ហើយការគាំទ្រដែលមានរយៈពេល ៣ឆ្នាំនឹងត្រូវបានបញ្ចប់នាពេលដ៏ខ្លីខាងមុននេះ។
ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មន្ទីរពេទ្យក៏ដូចជាបុគ្គលិកមន្ទីរពេទ្យទាំងមូលក្នុងកិច្ចដំណើរការមន្ទីរពេទ្យ ក៏ដូចជាបណ្តុះបណ្តាលបន្តដល់បុគ្គិលថ្មីៗបន្ថែមទៀតសំដៅពង្រឹងដល់ការបម្រើសេវាកម្មកាន់តែប្រសើរនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋបន្ថែមទៀត។
ជាកិច្ចឆ្លើយតបឯកឧត្តម Ivo Barak បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យភ្នែកខេត្តតាកែវ ដែលបានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចកើតឡើង ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរពេទ្យដែលបានខិតខំកន្លងមក។ ឯកឧត្តមក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយដែលការគាំទ្ររបស់សាធារណរដ្ឋឆេកបានទទួលលទ្ធផលល្អប្រសើរ និងបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន។ ដោយឡែកចំពោះសំណើររបស់ឯកឧត្តមអភិបាលខេត្ត ភាគីឆេក និងយកទៅពិនិត្យ ពិភាក្សាគ្នាជាមុនសិនហើយនឹងជូនដំណឹងត្រឡប់មកវិញនៅពេលក្រោយ។
សូមបញ្ជាក់ថាមន្ទីរពេទ្យភ្នែកខេត្តតាកែវ បាននឹងកំពុងផ្តល់សេវាកម្មពិនិត្យព្យាបាលជម្ងឺភ្នែកជូនដល់ប្រជាពលរដ្ឋសរុបប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយគិតជាមធ្យមប្រមាណ ១៥០នាក់ក្នុងមួយថ្ងៃ ក្នុងនោះ ៦០ភាគរយជាអ្នកជម្ងឺនៅក្នុងខេត្ត ១០ភាគរយមកពីខេត្តកំពត ១០ភាគរយមកពីកំពង់ស្ពឺ ១០ភាគរយមកពីខេត្តកណ្តាល និង១០ភាគរយទៀតមកពីបណ្តាខេត្តផ្សេងៗ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យភ្នែកខេត្តរួចនាពេលរសៀលថ្ងៃដដែល គណៈប្រតិភូនឹងទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តបន្តទៀត។
![1](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/1-2-300x200.jpg)
![2](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/2-2-300x200.jpg)
![3](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/3-300x200.jpg)
![4](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/4-1-300x200.jpg)
![5](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/5-1-300x200.jpg)
![6](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/6-300x200.jpg)
![7](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/7-300x200.jpg)
![8](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/8-300x200.jpg)
![10](https://www.takeo.org.kh/wp-content/uploads/sites/5/2017/12/10-300x200.jpg)