ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត អាជ្ញាធរឃុំ ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ


ក្នុងឱកាសដែលអញ្ជើញចុះសំណេះសំណាល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែតនាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ត អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាស្រុក និងអាជ្ញាធរឃុំពេជសារ ឃុំក្រពុំឈូក និងឃុំព្រៃយុថ្កា សហការគ្នាទប់ស្កាត់ឱ្យបាននូវរថយន្តធុនធំដឹកទំនិញ ជាពិសេសរថយន្តដឹកស្កបើកបរតាមភូមិសាស្ត្រឃុំទាំង៣ ដើម្បីចុះទូកដឹកទៅប្រទេសវៀតណាម ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្លូវលំនៅក្នុងភូមិឃុំ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋគាត់មានកង្វល់គឺជារឿងត្រឹមត្រូវពីព្រោះរថយន្តទាំងនោះធំពេក ក្នុងការបើកបរលើផ្លូវក្នុងភូមិឃុំរបស់យើង ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជានាំឱ្យខូចខាតដល់ផ្លូវរបស់យើង។
ឯកឧត្តមបន្តថា យើងមិនហាមឃាត់គាត់ដឹកទំនិញទាំងនោះ ចុះតាមកំពង់ចំណតទូកនេះទេ ប៉ុន្តែសុំឱ្យគាត់រំលែកចាប់ពីផ្លូវជាតិមក ដឹកតាមរថយន្តតូចៗដែលមិនបង្កឱ្យប៉ះពាល់ដល់ផ្លូវលំតាមភូមិ តាមឃុំរបស់យើង។
ក្រោយពីស្តាប់នូវប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋបានសំដែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តមដែលបានជួយដោះស្រាយ និងមានវិធានការចំពោះបញ្ហានេះ។
IMG_0713
IMG_0715
IMG_0716
IMG_0719
IMG_0720
IMG_0722
IMG20180424081841