ឯកឧត្តម សុខ ពុទ្ធិវុធ ចុះជួបសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំជីខ្មា


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាលជាមួយគណបក្សឃុំ សាខាបក្ស ប្រធានក្រុមបក្ស ភ្នាក់ងារគណបក្ស និងណែនាំនីតិវិធីការងារនាថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ដោយមានសមាជិកចូលរួមសរុបចំនួន៣២០នាក់នៅស្នាក់ការបក្សឃុំជីខ្មា ស្រុកទ្រាំង។

ឯកឧត្តម សុខ ពុទ្ធិវុធ បានជម្រាបជូនដល់សមាជិកទាំងអស់ពីការអភិវឌ្ឍរីកចម្រើនជឿនលឿន យ៉ាងឆាប់រហ័ស ដែលបានប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រ ឈានមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ហើយកំពុងប្រឹងប្រែងជំរុញឲ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងបានជម្រុញដល់សមាជិកទាំងអស់រួបរួមគ្នាដើម្បីឱ្យសម្រេចបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ។ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រាបជូនសមាជិក សមាជិការអំពីវិធានការជាក់ស្តែងជាអទិភាពនានាដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជំរុញឱ្យអនុវត្តនៅឆ្នាំ២០១៩ ក្រោយពេលឈ្នះឆ្នោត ការតម្លើងប្រាក់ឈ្នួលកម្មករ និយោជិត មន្ត្រីរាជការ ការបើកប្រាក់ឈ្នួល និងប្រាក់បៀវត្សក្នុង ០២សប្តាហ៍ម្តង ការកាត់បន្ថយថ្លៃប្រើប្រាស់អគ្គសនីទូទាំងប្រទេស ក៏ដូចជាការផ្តល់នូវសេវាគាំពារសង្គមនានា។

ជាចុងក្រោយឯកឧត្តមបានជម្រុញដល់សមាជិកសមាជិកាទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍ។
កម្មវិធីខាងលើនេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាល លោក មូល សារិទ្ធិ និង លោក នាង សុខុម សហប្រធានក្រុមការងារចុះជួយឃុំជីខ្មា លោកស្រី អ៊ុក គន្ធី អនុប្រធាន លោក គង់ វីរៈ លោក ឡុង ទ្រា សមាជិក ព្រមទាំងសហការី និងក្រុមការងារថ្នាក់ខេត្ត។