ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រុញសមាជិក សមាជិកាគណបក្សក្នុងឃុំព្រៃស្លឹកចូលរួម បោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍ


ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយក្រុមបក្ស គ្រួសារបក្ស និងសមាជិកគណបក្សចំនួន ៥៩៦នាក់ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សទាំងអស់កុំជឿលើការញុះញង់របស់ក្រុមអគតិមួយចំនួនតូច ដែលធ្វើការញុះញង់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ក្នុងគោលបំណងបំផ្លាញការបោះឆ្នោត បំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញការរួបរួមសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រុញដល់សមាជិក សមាជិកទាំងអស់សូមទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេស។

ឯកឧត្តមបន្តថា ទម្រាំមានសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ប្រទេសដល់ចំនុចនេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងជម្នះគ្រប់ឧបសគ្គ ដូច្នេះយើងទាំងអស់គ្នាត្រូវរួបរួមគ្នាការពារសមិទ្ធផលដែលគណបក្សបានកសាងឡើងមកនេះដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកជំនាន់ក្រោយយើងបន្តទៀត ហើយដើម្បីការពារនូវសមិទ្ធផលនេះបានលុះត្រាតែយើងការពារបាននូវសុខសន្តិភាព ស្ថេរភាព ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសុខសន្តិភាពនេះបាន។