ឯកឧត្តម អ៊ូច ភា ប្រាប់ដល់អាជ្ញាធរមូលដ្ឋានជួយអប់រំណែនាំប្រជាពលរដ្ឋកុំសាងសង់លើដីចំណីផ្លូវ


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ ពេលសាងសង់ផ្ទះ ឬក៏សាង់សង់របេង សូមកុំសាងសង់លើដីចំណីផ្លូវរបស់រដ្ឋ ព្រោះវានាំឲ្យខូចខាត់ទ្រព្យសម្បត្តិរបស់ពួកគាត់ ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានផ្លូវចាក់កៅស៊ូនៅក្នុងឃុំអង្គតាសោមប្រវែង៤៥០០ម៉ែត្រ ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ខែកក្កដានេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា អាជ្ញាធរមូលដ្ឋានគួរតែដើរពិនិត្យឲ្យបានច្បាស់ នៅមុនពេលដែលប្រជាពលរដ្ឋសាងសង់ផ្ទះ ឬក៏របេង នៅលើដីចំណីផ្លូវដែលវានាំឲ្យប៉ះពាល់ និងខូចខាតផលប្រយោជន៍របស់ពួកគាត់ ពិសេសក៏ត្រូវពិនិត្យផងដែរលើឯកសារថាតើមានច្បាប់សាងសង់ត្រឹមត្រូវដែរឬទេ ។
ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា ដីចំណីផ្លូវនេះ គឺមានចែងយ៉ាងច្បាស់ហើយអំពីអ័ក្ស ដែលកំណត់ចេញពីអ័ក្សប៉ុន្មានម៉ែត្រទៅដីចំណីផ្លូវ ដូច្នោះដើម្បីជៀងវាងបញ្ហាកុំឲ្យកើតមានឡើង ឬនាំឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងនាមយើងជាអាជ្ញាធរត្រូវធ្វើការអប់រំណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែច្បាស់អំពីដីចំណីផ្លូវនេះ និងធានាបានថា ពុំមានការសាងសង់រំលោភលើចំណីផ្លូវនេះ។
បើតាមឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ សាង់សងលើដីចំណីផ្លូវនេះ គឺជាការចូលរួមចំណែក និងបង្ហាញឲ្យឃើញពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលទទួលបានផ្លូវចាក់កៅស៊ូស្អាតហើយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា មិនត្រូវធ្វើការបើកបរខ្វះការប្រុងប្រយ័ត្ន ឬមានជាតិស្រវឹងនោះឡើយ ដែលនាំឲ្យមានគ្រោះថ្នាក់នោះទេ ហើយក៏សូមសំណូមពរទៅដល់ក្រុមការងារសាងសង់ផ្លូវ សូមធ្វើផ្លូវឲ្យមានគុណភាពល្អរឹងមាំ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ៕