សិស្សនិទ្ទេស A ចំនួន ០៣រូប នៅស្រុកទ្រាំងទទួលបានម៉ូតូ ពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង


ម៉ូតូ Zoomer X ចំនួន ០៣គ្រឿង ក្នុងនោះ ០២គ្រឿជាការឧបត្ថម្ភរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និង០១គ្រឿងជារបស់ ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ព្រមទាំង កាបូប សៀវភៅ ប៊ិច ម៉ាស៊ីនគិតលេខ និងថវិកាមួយចំនួន ត្រូវបានឯកឧត្តម សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង លោក អ៊ុន វណ្ណា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រគល់ជូនដល់សិស្សដែលទទួលបាននិទ្ទេស A នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០ សីហា ២០១៨ ចំនួន ០៣រូបនៅស្រុកទ្រាំងដើម្បីជាការលើកទឹកចិត្ត ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១១ សរុបប្រមាណជីត ២០០នាក់។

ជាមួយនឹងការអបអរសាទរចំពោះជ័យលាភីទាំង ០៣រូប ឯកឧត្តម សុខ ពុទ្ធិវុធ បានចែករំលែកនូវបទពិសោធន៍មួយចំនួនដល់ប្អូនៗ និងបានជម្រាបជូនពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ជាពិសេសគឺការរីកចម្រើននៃបដិវត្តន៍ឧស្សាហកម្មតាំងពីជំនាន់ទី ១ រហូតដល់ជំនាន់ទី៤។ ឯកឧត្តមមានប្រសាសន៍បន្តថាបច្ចុប្បន្ននេះ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គឺផ្តោតលើបច្ចេកវិទ្យាទំនើប ហើយយើងក៏ជាប្រទេសដែលកំពុងឆ្លងកាត់នូវបដិវត្តន៍ ហើយយើងអាចមានឱកាសទាញយកផលប្រយោជន៍ពីវា ប៉ុន្តែយើងត្រូវមានធនធានជំនាញឱ្យបានគ្រប់គ្រាន់ ហើយការយុវជនរបស់យើងត្រូវខិតខំពង្រឹងនូវចំណេះដឹងដើម្បីចូលរួមទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤នេះ ព្រោះថាកម្ពុជាជាប្រទេសដែលមានសក្តានុពលយុវជនទូលំទូលាយជាងគេ។
ឯកឧត្តមក៏បានជម្រុញត្រូវដឹង និងកំណត់ពីគោលដៅរបស់ខ្លួនថាខ្លួនចង់ធ្វើអ្វី ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍន៍ខ្លួនទាំងជំនាញ និងភាសាបរទេសដើម្បីចាប់យកឱកាសដែលខ្លួនចង់បាន។ទន្ទឹមនឹងនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្អូនសិស្សានុសិស្សថ្នាក់ទី១១ ដែលនឹងត្រូវប្រឡងសញ្ញាបត្រនាឆ្នាំខាងមុខត្រូវយកគំរូតាមសិស្សច្បង ខិតខំរៀនសូត្រឱ្យបានពូកែហើយទទួលបាននិទ្ទេសល្អ ដើម្បីកិត្តិយស និងអនាគតខ្លួនឯង និងក្រុមគ្រួសារ។

ដោយឡែកឯកឧត្តម សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងបានផ្តាំផ្ញើដល់ប្អូនទាំង ០៣រូបថា បន្ទាប់ពីនេះយើងនឹងប្រើជីវិតជានិស្សិតដែលនឹងត្រូវទៅសិក្សានៅរាជធានីភ្នំពេញ ដែលប្រៀបដូចជាត្រីដែលត្រូវបានប្រលែងពីត្រពាំងចូលទៅក្នុងទន្លេរ ដូច្នេះត្រូវបើកទស្សនៈឱ្យបានទូលំទូលាយ រៀនស្គាល់សង្គមឱ្យបានច្បាស់ ជាពិសេសគឺមិនត្រូវជឿតាមការអូសទាញរបស់ជនខិលខូចទៅចូលរួមធ្វើបាតុកម្មនានា។ ឯកឧត្តមបន្តថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបាននាំមកនូវសេចក្តីសុខសាន្ត សន្តិភាព សេរីភាព និងការអភិវឌ្ឍជូនប្រជាជនដូច្នេះយើងត្រូវចងចាំនូវគុណបំណាច់ទាំងនេះ ហើយមិនត្រូវជឿដាច់ខាតនូវការផ្សព្វផ្សាយបំភ្លៃ បំភ្លើស ញុះញង់បំបែកបំបាក់ខុសពីការពិតប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអគតិមួយចំនួនដែលមានបំណងបំផ្លាញសុខសន្តិភាពរបស់ប្រទេសយើង។