លិខិតចំហររបស់ លោក ផៃ ស៊ីផាន ឆ្លើយតបអំពីសេចក្តីសម្រេចរបស់ សភាសហរដ្ឋអាមេរិក ស្តីពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា


ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតចំហរមួយដោយឆ្លើយតប ចំពោះការលើកឡើងរបស់សភាសហរដ្ឋអាមេរិក ស្តីពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា។
លោក ផៃ ស៊ីផាន បានរៀបរាប់នៅក្នុងលិខិតចំហររបស់លោក ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖
ខ្ញុំយល់ឃើញថា សេចក្តីសម្រេចលេខ៧២៨ នៅថ្ងៃច័ន្ទទី១២ ខែកញ្ញាម្សិលមិញ របស់សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ស្តីពីបញ្ហាប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា គឺជាសេចក្តីសម្រេចមួយ ដែលមិនមានលក្ខខណ្ឌ និងទម្ងន់ផ្លូវច្បាប់ ចាប់បង្ខំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តដាក់សម្ពាធមកលើកម្ពុជានោះទេ។ គឺគ្រាន់ជាទស្សនៈរបស់តំណាងរាស្រ្តមួយក្រុម ធ្វើយុទ្ធនាការតាមនីតិវិធីនយោបាយ ដើម្បីគៀងគរដល់អ្នកតំណាងរាស្រ្តអាមេរិកាំង ដទៃទៀត មានការចាប់អារម្មណ៍គាំទ្រ និងសរសេរលិខិតដាក់សម្ពាធជាផ្នែកនយោបាយ មកកាន់រដ្ឋាភិបាលស្របច្បាប់កម្ពុជា និងរួមចំណែកការពារបក្សនយោបាយ ដែលជាកូនជឹងគេ តែប៉ុណ្ណោះ។
បំណងសំខាន់ គឺការថ្កោលទោស នៃវត្ថុបំណង ដើម្បីជាយុទ្ធនាការរបស់អ្នកតំណាងរាស្រ្តទាំងនោះ ដើម្បីស្វែងរកនយោបាយគាំទ្រ ដល់គណបក្សភាគតិច ឬ CNRP ដែលគេតែងតែបានធ្វើយុទ្ធនាការចាប់តាំងពី អាណត្តិទីពីរ នៃការបោះឆ្នោតសកលរបស់កម្ពុជាមកម្លេះ នោះរាប់ទាំងការធ្វើយុទ្ធនាការឃោសនាគ្រប់រូបភាព របស់សមាជិកសភាសហរដ្ឋអាមេរិក ក៏ប៉ុន្តែលទ្ធផលគឺបរាជ័យគ្រប់អាណត្តិ ដែលគណបក្សកូនអុករបស់គេមិនទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាភាគច្រើន នោះទោះបីក្នុងរូបភាពសង្កត់សង្កិនយ៉ាងណាក៏ដោយ។
អាស្រ័យដោយប្រជាពលរដ្ឋកម្ពុជា យល់ច្បាស់ណាស់ពីសេរីភាព និងឯករាជ្យរបស់ជាតិ មិនស្ថិតនៅក្រោមអាណានិគមបរទេសណាមួយឡើយ។ ការទាមទារអោយរដ្ឋាភិបាល ដោះលែងអ្នកទោសនយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់នេះ គឺជាពាក្យពេចន៍នៃកម្រងចម្រៀងដដែលៗ រាប់អាណត្តិបោះឆ្នោតកម្ពុជា កន្លងមក ដែលស្តែងចេញពីអ្នកនយោបាយអាមេរិកចំនួនភាគតិច ដែលជាចៅហ្វាយរបស់គណបក្សភាគតិច ដែលមានអាសនៈ នៅក្នុងសភាជាតិកម្ពុជា។ ហើយគេក៏បានចាត់ទុកថា គណបក្សភាគតិចនេះ ជាគណបក្សប្រឆាំង នៅក្នុងនិន្នាការនយោបាយរបស់គេ ដែលខុសគ្នាដាច់ស្រឡះពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលប្រកបនិងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជម្រាបជូនសារជាថ្មីម្តងទៀតថា កម្ពុជាគ្មានទេអ្នកទោសនយោបាយ ក៏ប៉ុន្តែអ្នកនយោបាយ ដែលត្រូវជាប់ទោសដោយសារអង្គហេតុ នៃការរំលោភច្បាប់តែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ដំណើរការនីតិរដ្ឋទេ ដែលធ្វើអោយជននយោបាយមួយចំនួនជាប់ទោសទណ្ឌ ដែលជាដំណើរការមូលដ្ឋាននីតិរដ្ឋ របស់តុលាការ។
រីឯការអំពាវនាវឲ្យរដ្ឋាភិបាល ដោះលែងអ្នកទោសនយោបាយ គឺជាភាពខ្លៅ និងក្រៅច្បាប់ នៅក្នុងនីតិរដ្ឋ ឬមួយជាការយល់ច្រឡំថា ខ្លួនគេទាំងអស់នោះជាម្ចាស់ជោគវាសនារបស់កម្ពុជា។ នេះគឺជាការយល់ច្រឡំធំ និងអាមាសមួយ ដែលអាចចាត់ទុកថា ជាភាពក្រអឹតក្រទម របស់គេតែប៉ុណ្ណោះ ។
សេរីភាព សារព័ត៌មាន គឺកម្ពុជាមានលំហរបរិយាកាសសេរីធំធាត់ណាស់ រហូតដល់អ្នកសារព័ត៌មានមួយចំនួន ដែលទទួលបានប្រាក់ឈ្នួយពីអង្គការមួយចំនួន របស់សហរដ្ឋអាមេរិក ធ្វើកិច្ចការហួសពីព្រំដែន នៃអ្នកសារព័ត៌មានរហូតដល់ប្រមាថម៉ាក់ងាយដល់ថ្នាក់ដឹកនាំ និងការងាររបស់រដ្ឋ ហួសពីសិទ្ធិនៃការបញ្ចេញមតិ ដែលមិនកើតមាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់នោះឡើយ។ ចំពោះសិទ្ធិ នៃការជួបជុំដែលស្ថិតនៅរង្វង់ច្បាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ គឺមានលំហរទូលំទូលាយ លើកលែងតែការប្រមូលផ្តុំមានទិសដៅ និងចរិក មិនគោរពច្បាប់ ឬមិនសហការ ដែលជាក្រុមមានន្នាការបោះបោល បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងចរិកញុះញ៉ុង បង្កភាពចលាចល ដោយមានអង្គការបរទេសនៅពីក្រោយ។ ក្រុមទាំងនោះត្រូវបានហាមឃាត់ ឬមិនអនុញ្ញាតជាដាច់ខាត អាស្រ័យដោយផលប្រយោជន៍សាធារណៈ និងសណ្តាប់ធ្នាប់ ជាគោលដៅ នៃការគោរពនិងក៏ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវតែថែរក្សា និងទទួលខុសត្រូវចំពោះខ្លួនផ្ទាល់ ក៏ដូចជាកាតព្វកិច្ច ក្នុងកិច្ចថែទាំសណ្តាប់ធ្នាប់សាធារណៈនីត្យានុកូលភាព ព្រមជាមួយប្រក្រតីភាព នៃដំណើរការស្ថាប័នរបស់រដ្ឋ។
ការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ គឺជាលំហរនយោបាយ និងការប្តេជ្ញារបស់កម្ពុជា ដែលបានអនុវត្តដោយរាជរដ្ឋាភិបាល ក្នុងការគោរព និងលើកតំកើននូវឆន្ទៈសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជ្រើសរើស និងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន ដែលជាសិទ្ធិនៃស័្វយសម្រេច ស្ថិតនៅក្នុងអធិបតេយ្យ និងឯករាជ្យភាពរបស់ជាតិខ្លួនផ្ទាល់ ដែលអនុវត្តពេញលេញតាមរយៈស្មារតីការបោះឆ្នោត និងដំណើរការនៃការបោះឆ្នោតកម្ពុជា ក្នុងការទទួលខុសត្រូវផ្តាច់មុខរបស់ គ.ជ.ប សេចក្តីសម្រេចរបស់អង្គសភាធម្មនុញ្ញ និងព្រះមហាក្សត្រខ្មែរ។ ក្នុងករណីនៃនេះ គឺមិនអនុញ្ញាតជាដាច់ខាតឲ្យឱកាសដល់ជនណា ឬក្រុមណា ចាប់ណា ស្ថាប័នទាំងអស់នោះជាចំណាប់ខ្មាំងនោះឡើយ។
Pai-Sipan-14-09-16