សាលាបឋមសិក្សាព្រែកតាផរ ស្ថិតក្នុងភូមិព្រែកតាផរ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីមុនគឺជាសាលាក្រខ្សត់មួយ ដោយសារតែកង្វះខាតអគារសិក្សាដែលធ្វើឱ្យសិក្សានុសិស្សពុំអាចរៀនបានគ្រប់គ្រាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងភូមិជាមាតាបិតារបស់សិស្សានុសិស្សមានការបារម្ភជាខ្លាំងចំពោះការសិក្សារបស់បុត្រធីតារបស់ពួកគាត់។ ប៉ុន្តែដោយសារការខិតខំរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងការគៀងគរសប្បុរសជនជាតិ និងអន្តរជាតិនានា បានធ្វើឱ្យប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ និងក្តីសង្ឃឹមឡើងវិញ ថែមទាំងមានជំនឿចិត្តខ្ពស់លើការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ពីព្រោះដោយសារកាខិតខំ និងយកចិត្តទុកដាក់របស់លោក ពេលនេះសាលាបឋមសិក្សាព្រែកតាផរបានទទួលនូវអគារសិក្សាថ្មីមួយខ្នងដែលមាន ០៦បន្ទប់សម្រាប់បម្រើដល់វិស័យអប់រំនៅក្នុងភូមិ។ទាំងឯកឧត្តមអភិបាលខេត្ត ទាំងបងប្អូនប្រជាពលរដ្ឋសុទ្ធតែមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថាអគារសិក្សាថ្មី នេះនឹងក្លាយជាកន្លែងបណ្តុះបណ្តាលយ៉ាងសំខាន់ដល់ប្អូនៗ ក្មួយៗដែលជាសិស្សានុសិស្សនៃសាលា បឋមសិក្សាព្រែកតាផរនេះហើយសង្ឃឹមថាក្មួយៗនឹងខិតខំក្រេបយកចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាចលករយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនរុងរឿង។
អគារសិក្សាថ្មីមួយខ្នងមាន ០៦បន្ទប់ នេះជាអំណោយរបស់អង្គការដៃល្អ នៃសាធារណរដ្ឋកូរ៉េ ត្រូវបានកសាងឡើងរួចរាល់ព្រមទាំងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ សុង វ៉ុលជូ សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកូរ៉េ និងជាប្រធានអង្គការដៃល្អ។
កន្លងមកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ សហការជាមួយអង្គការមឺស៊ី រីលីហ្វ (Mercy Relief) ក៏បាន សាងសង់នូវបន្ទប់ទឹកចំនួន ០២បន្ទប់ ដល់សាលាបឋមសិក្សានេះរួចមកហើយដែរ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ សុង វ៉ុលជូ សម្តេចព្រះសង្ឃរាជ នៃព្រះរាជាណាចក្រកូរ៉េ សម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នងមាន ០៦បន្ទប់ នៅស្រុកអង្គរបូរី
