ឯកឧត្តម ឡាយ វណ្ណៈអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩៥ គ្រួសារ នៅភូមិស្រែជើងរាស្រ្ត និងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់


បន្ទាប់ពីបានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន៣១១គ្រួសារ នៅឃុំស្នោ ស្រុកព្រៃកប្បាសពេលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥រួចមក នៅរសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអញ្ជើញអមដំណើរដោយ ឯកឧត្តម ស៊ុន ហួរ លោកអភិបាល អភិបាលរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទស្រុកត្រាំកក់ បានអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩៥ គ្រួសារ នៅភូមិស្រែជើងរាស្រ្ត និងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលបានមានមតិសំណេះសំណាលជាមួយ លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋរួមមានៈ
១.ឯកឧត្តមបានអានព្រះរាជក្រឹត្យស្តីពីការប្រកាសព្រំប្រទល់រវាងខេត្ត៣គឺខេត្តកំពង់ស្ពឺ ខេត្តកំពត និងជាពិសេសគឺខេត្តតាកែវដែលត្រូវបានទទួលបានដី និងបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺ និងខេត្តកំពត។ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា “ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៏យ៉ាងកក់ក្តៅ សប្បាយរីករាយនឹងទទួលលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់មករស់នៅលើទឹកដីខេត្តតាកែវ និងសូមកុំមានការមន្ទិលសង្ស័យថាលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាអ្នកខេត្តនេះ ខេត្តនោះទៀត”។ឯកឧត្តមក៏បានបង្ហាញផែនទីជូនលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋបានឃើញ និងដឹងទាំងអស់គ្នា។
២.ដោយអនុវត្តគោលនយោបាយដីធ្លី”ស្បែកខ្លា”(ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តមបានប្រកាសអះអាងការពារថា”ដីរបស់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីទាំងអស់នោះនឹងមិនឲ្យបាត់បង់១ចង្វាមឡើយ”។
ជាចុងបញ្ចប់លោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់បានអបអរសាទរ រីករាយរាក់ទាក់ មានទំនុកចិត្ត មានជំនឿជាក់លើឯកឧត្តម បានសម្តែងនូវការស្រលាញ់ចូលចិត្ត និងសម្តែងការស្វាគមន៏នៃវត្តមានរបស់ឯកឧត្តមអភិបាលខេត្តយ៉ាងខ្លាំងលើទឹកដីតំបន់ដាច់ស្រយាល និងជាតំបន់ដែលធ្លាប់តែប្រយុទ្ធគ្នាពីមុនមកនេះ។
ឯកឧត្តមបាននាំយកសារ៉ុងទៅចែកជូនលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបានសារ៉ុងចំនួន០១។
886048_496641007174057_5596113228294271326_o 12184309_496643160507175_932114603170368051_o 12185512_496641693840655_4346686177053011996_o 12232658_496642967173861_1103733290963943410_o 12232708_496643100507181_6697352524586971032_o