ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រាបសមាជិកគណបក្សភូមិល្វេថ្មីថា គណបក្សប្រជាជនកម្ពុជាបានបូជាសាច់ស្រស់ ឈាមស្រស់ និងខិតខំខ្លាំងណាស់ទើបប្រទេសយើងបានដល់ចំនុចនេះ


ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ បានជម្រាបជូនសាខាបក្ស ប្រធានក្រុមបក្ស ភ្នាក់ងារគណបក្សនៅភូមិល្វេថ្មី ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំងថា ដើម្បីបានកម្ពុជាមួយមានការសន្តិភាព ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងពិភពលោក ហើយជនបរទេសស្គាល់ដូចសព្វថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះបង់នូវអាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីដឹកនាំការពារ កសាងប្រទេស។

ឯកឧត្តមបន្តទៀតថាពីមុនបើនិយាយពីប្រទេសកម្ពុជា ជនបរទេសភាគច្រើនពុំស្គាល់ឡើយ ឬក៏ស្គាល់ថាជាប្រទេសដែលមានសង្គ្រាម ឬប្រទេសដែលមានរបបប្រល័យពូជសាសន៍ ប៉ុន្តែពេលនេះជនបរទេសច្រើនបានស្គាល់កម្ពុជា ជាប្រទេសដែលបង្កើតកំណត់ត្រាជាច្រើនលើពិភពលោក ជាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន និងជាប្រទេសដែលអភិវឌ្ឍលឿនបំផុតមួយក្នុងពិភពលោក។ ទាំងនេះគឺកើតឡើងដោយសារយើងមានសន្តិភាពពេញលេញលើផ្ទៃប្រទេស ទើបផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសបានដឹកនាំកសាងនូវអ្វីៗដែលយើងមានដូចសព្វថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពនេះឱ្យបាន ហើយបើយើងរក្សាបាននូវសន្តិភាពនេះប្រទេសយើងនឹងអភិវឌ្ឍន៍គ្មានដែនកំណត់ឡើយ។

ក្នុងឱកាសនោះឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីវិធានការជាអទិភាពរបស់គណបក្សត្រូវជម្រុញអនុវត្តក្នុងឆ្នាំ២០១៩ ដែលត្រូវបានប្រកាសដោយសម្តេចប្រធានគណបក្សនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។

ជាចុងក្រោយឯកឧត្តមក៏បានប្រាប់ដល់បងប្អូនសមាជិក សមាជិកាគណបក្សទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបោះឱ្យត្រូវដើម្បីឱ្យគណបក្សជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំប្រទេសរក្សាបាននូវសន្តិភាព និងការអផិវឌ្ឍបន្តទៀត។

ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជួបសំណេះសំណាលជាមួយ សាខាបក្ស ប្រធានក្រុមបក្ស ភ្នាក់ងារគណបក្ស និងណែនាំនីតិវិធីការងារនាថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ដែលមានសមាជិក សមាជិកា ចូលរួម ៧២នាក់ នៅសាខាបក្សភូមិល្វេថ្មី នារសៀលថ្ងៃសៅរ៍ ០២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។