ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករអុំទូក ង “តាកែវ ទ្រាំង សុខសែនជ័យ”


ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករអុំទូក ង “តាកែវ ទ្រាំង សុខសែនជ័យ” ចំនួន៩១នាក់ នាព្រឹកថ្ងៃអាទិត្យ ១១រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ដែលត្រៀមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីព សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តមវេជ្ជបណ្ឌិតបានថ្លែងនាឱកាសនោះថាដោយសារសុខសន្តិភាពពេញលេញទូទាំងប្រទេស រួមផ្សំជាមួយស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបយើងអាចមានឱកាសប្រារព្ធនូវពិធីជួបជុំ ក៏ដូចជាពិធីបុណ្យផ្សេងៗបានប្រកបដោយភាពសប្បាយរីករាយ។ ហើយសន្តិភាពដែលយើងមាននាពេលនេះ គឺបានមកដោយលំបាក ពីការរួបរួមសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងមួយក្នុងជួរថ្នាក់ដឹកនាំ ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំបូជាយកអស់កម្លាំងកាយចិត្ត ទើបទទួលបានជោគជ័យដ៏ត្រចះត្រចង់ នាំមកសន្តិភាពជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលក្នុងរយៈពេល ៥០០កន្លងមកពុំដែលមាន។

ឯកឧត្តមបន្តថា ការអ៊ុំទូកក៏មិនខុសពីការដឹកនាំប្រទេសដែរ ប្រសិនបើចំណុះទូទាំងអស់ពុំមានសាមគ្គីភាពជាធ្លុងមួយទេនោះយើងក៏មិនអាចទទួលបានជោគជ័យដែរ ដូច្នេះសូមឱ្យចំណុះទូកទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ហើយត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ ជាពិសេសគឺគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទទួលបានជោគជ័យ នាំមកនូវកិត្តិយសជូនខេត្ត ស្រុក ឃុំ ភូមិរបស់យើង។

សូមបញ្ជាក់ថា ទូកឈ្មោះ តាកែវ ទ្រាំង សុខ សែនជ័យ ត្រូវបានកសាងឡើងក្នុងខែកញ្ញា ឆ្នាំ២០០០ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ថេង អាយអាន្នី សុខ អាន ជូនដល់ប្រជាពលរដ្ឋស្រុកទ្រាំង។ ទូកនេះជាប្រភេទទូកមានល្បឿនលឿនដែលក្នុងការប្រណាំងកាលពីឆ្នាំ២០១៧ កន្លងទៅទទួលបានជ័យជម្នះ ៥ប្រកួត ក្នុងចំណោម ៦ប្រកួត ដោយទទួលបានជ័យលាភីលេខ ១ក្នុងផែន និងលេខ ១ ក្នុងគូរពិសេស។