ឯកឧត្តម សុខ សប្បាយណា លើកទឹកចិត្តសិស្សសាលាបឋមសិក្សាអោយខឹតខំរៀនសូត្រដើម្បីមានអនាគតល្អ


ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំរនាម បានថ្លែងនៅក្នុងឱកាសអញ្ជើញចុះចែកសម្ភារៈសិក្សាដល់សិស្សសាលាបឋមសិក្សាសូភី ដែលស្ថិតនៅក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃ សៅរ៏ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ ដោយជម្រុញ និងលើកទឹកចិត្តសិស្សានុសិស្សសាលាបឋមសិក្សាទាំងអស់ឲ្យប្រឹងប្រែងរៀនសូត្រតាំងពីថ្នាក់បឋមសិក្សាឡើងទៅ ហើយនៅពេលដែលឈានចូលថ្នាក់វិទ្យាល័យឬមហាវិទ្យាល័យវានិងមានភាពងាយស្រួលក្នុងការក្រេបជញ្ជក់យកចំណេះដឹង ហើយនៅពេលដែលប្អូនៗមានចំណេះដឹងពិតប្រាកដ នោះ នឹងអាចផ្តល់ឱកាសក្នុងការទទួលបានការងារល្អ ដែលវានឹងកែប្រែជីវភាពក្រុមគ្រូសារប្អូនៗឲ្យមានភាពប្រសើរឡើងជាក់ជាពុំខាន។

ឯកឧត្តមមានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានគុណភាពនិងអាចទទួលស្គាល់នៅក្នុងតំបន់និងនៅក្នុងពិភពលោក។ ក៏ប៉ុន្តែបើទោះបីជាក្រសួងដាក់ចេញនូវផែនការយុទ្ធសាស្រ្តរយ៉ាងណាក៏ដោយ ក៏វានិងមិនអាចទទួលបានជោគជ័យនោះដែល ប្រសិនបើប្អូនៗជាសិស្សានុសិស្សទាំងអស់មិនបានចូលរួមតាមរយៈការមិនខឹតខំប្រឹងប្រែងរៀនសូត្រ។ ដូច្នោះដើម្បីឲ្យផែនការយុទ្ធសាស្រ្តស្ដីពីការអប់រំនៅប្រទេសកម្ពុជាទទួលបានជោគជ័យប្អូនទាំងអស់ដែលជាទំពាំងស្នងឬស្សីត្រូវប្រឹងប្រែងរៀនសូត្រឲយ្បានពូកែ ដោយត្រូវត្រងត្រាប់ស្ដាប់លោកគ្រូអ្នកគ្រូពន្យល់ ចេះឆ្ងល់ ចេះសួរនិងត្រូវធ្វើកិច្ចការផ្ទះដែលលោកគ្រូអ្នកគ្រូបានដាក់អោយធ្វើ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអប់រំបានមានប្រសាសន៏បន្តថា ការខឹតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនវានិងនាំឲ្យខ្លួនយើង ក្រុមគ្រូសារយើង អាចចាកផុតពីភាពក្រីក្រនៅថ្ងៃអនាគត ជាពិសេសប្រទេសជាតិយើងគឺពឹងទៅលើប្អូនទាំងអស់គ្នា។ នៅពេលដែលប្អូនៗមានសមត្ថភាព មានចំណេះដឹងជ្រៅជ្រះកាន់តែច្រើនឡើង ប្រទេសជាតិក៏កាន់តែរីកចម្រើនតៅតាមហ្នឹងដែរ ព្រោះប្រទេសជាតិមានដែលមានការអភិវឌ្ឍន៏រីកចម្រើនខ្លាំងក្លា ទាល់តែប្រទេសនោះមានអ្នកចេះដឹងច្រើនផងដែរ។