ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងសិក្សាពីការដាំដំណាំគ្មានជាតិគីមីរបស់បងប្អូនប្រជាកសិករនៅក្នុងភូមិពង្សាំង និងភូមិចំប៉ា ស្ថិតក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស


ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងសិក្សាពីការដាំដំណាំគ្មានជាតិគីមី របស់បងប្អូនប្រជាកសិករនៅក្នុងភូមិពង្សាំង និងភូមិចំប៉ា ស្ថិតក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ក្រោយពីបានស្តាប់របាយការណ៍របស់អាជ្ញាធរមូលដ្ឋាន និងចំណាប់អារម្មណ៍ក៏ដូចជាការបង្ហាញពីបទពិសោធន៍របស់លោក គង់ វ៉ន់ ជាកសិករគំរូនៅក្នុងឃុំរួចមក ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូនប្រជាកសិករថា ការចុះមកនេះគឺដើម្បីពិនិត្យ និងស្វែងយល់ពីការធ្វើស្រែចំការរបស់បងប្អូន យកទៅធ្វើជាមូលដ្ឋានគិតគូរថាតើអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលត្រូវជួយអ្វីខ្លះបន្ថែមទៀតដល់បងប្អូនដើម្បីទទួលបានជោគជ័យក្នុងការប្រកបមុខរបរស្រែចំការនេះ។ ឯកឧត្តមបន្តថា កន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាកសិករ និងបានខិតខំទាក់ទងជាមួយដៃគូរអភិវឌ្ឍនានាជួយផ្តល់នូវធនធានបច្ចេកទេស និងថវិកាដល់ប្រជាកសិករយើង។
ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ប្រជាកសិករត្រូវខិតខំតាមដានព័ត៌មាននានាដែលទាក់ទងនឹងវិស័យកសិកម្ម ព្រោះជាជំនួយបន្ថែមទៀតដែលធ្វើឱ្យការប្រកបរបរស្រែចំការរបស់បងប្អូនទទួលបានជោគជ័យ ដោយឡែកអាជ្ញាធរខេត្តនឹងខិតខំផ្សព្វផ្សាយ និងជួយរកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់បងប្អូន។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានជម្រុញឱ្យប្រជាពលរដ្ឋខិតខំដាំដំណាំរួមផ្សំដែលគ្មានជាតិគីមីនេះពីព្រោះវា និងជួយបង្កើនចំណូលរបស់បងប្អូន ហើយក៏ចូលរួមក្នុងការកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ។
13495425_584077648430392_3301465045836459395_o 13495533_584077505097073_3998153988445831263_o   13503012_584077411763749_4600414278206888066_o 13522803_584077345097089_5264462105546839681_o 13528106_584077488430408_8000686165487884483_o