ហ៊ានសន្យា ហ៊ានធ្វើ៖ ផ្លូវបេតុង ២ខ្សែរប្រវែង ១គីឡូម៉ែត្រ ស្ថិតនៅ ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាមការសន្យា


ផ្លូវបេតុងថ្មី ចំនួន ២ខ្សែ ប្រវែង១គីឡូម៉ែត្រ ស្ថិតនៅភូមិតាំងដូង លិចកើត ឃុំតាំងដូង ស្រុកបាទី ត្រូវបានស្ថាបនារួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាទី ព្រឹកថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ទូច ហេង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយតាំងដូង ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំលំពង់ ឃុំត្នោត លោកអភិបាល លោកអភិបាលរងស្រុក មេឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដើម្បីសាទរសមិទ្ធផលប្រវត្តិសាស្ត្រនេះ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ផ្លូវបេតុងថ្មី ២ខ្សែរនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងដូងដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យដ័ត្រចះត្រចង់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ កន្លងមក ហើយក៏ជាការបំពេញតាមសន្យាដែលឯកឩត្តមបានសន្យាជាមួយបងប្អូនផងដែរ។ ឯកឧត្តមអ្នកតំណាងរាស្ត្របានថ្លែងសង្កត់ធ្ងន់ថា គណបក្សប្រជាជនគឺហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហើយតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ និងជាគណបក្សតែមួយគត់ដែលនាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ព្រមទាំងដឹកនាំកសាង អភិវឌ្ឃន៍ប្រទេសឱ្យរីកចំរើនដល់ពេលនេះ ដូច្នេះសូមបងប្អូនបន្តគាំទ្រ និងរួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍប្រទេសរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសមិទ្ធផលថ្មីនេះ ព្រោះផ្លូវបេតុងថ្មី ចំនួន២ខ្សែ អំណោយផ្ទាល់ឯកឧត្តមបណ្ឌិតមែន តែជាផ្លូវរបស់ប្រជាពលរដ្ឋ អ្នកឃុំតាំងដូង ស្រុកបាទី ដើម្បធានាបាន ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាទីថា ប្រសិនបើភូមិណាដែលគណបក្សប្រជាជនទទួលបានជ័យជម្នះលើសពី ៨០% ឯកឧត្តមនឹងស្ថាបនាផ្លូវបេតុងជូន។ ចំពោះផ្លូវបេតុងទាំង ២ខ្សែរនេះគឺជាផ្លូវបេតុង ខ្សែរទី ៤ និងទី ៥ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។